RSS

Merry Christmas . Replace this text with your christmas wishes for your visitors .

ប្រវត្តិ​នៃ​ពិធី​បុណ្យ​បណ្ដែត​ប្រទីប



»»ជា​ទូទៅ​ពិធី​បុណ្យ​បណ្តែត​ប្រទីប ដែល​ប្រារព្ធ​ធ្វើ​រួម​គ្នា​ជាមួយ​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ​​និង​អក​អំបុក តែង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​យប់ ៣​ថ្ងៃ តាម​ប្រតិទិន​ច័ន្ទ​គតិ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​១៤​កើត រហូត​ដល់​ថ្ងៃ​១​រោច ខែ​កត្តិក។
​ការបណ្ដែត​ប្រទីប​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក នា​ថ្ងៃ​ទី​៦ វិច្ឆិកា ២០០៦។

សៀវភៅ ព្រះ​រាជពិធី​ទ្វារ​ទសមាស​និង​ពិធី​សង្ក្រាន​ចូល​ឆ្នាំ​ បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​១៩៦៩ ដែល​និពន្ធ​ចងក្រង​ដោយ​លោក​ឧកញ៉ា ទេពពិទូរ -ក្រសេម បណ្ឌិត​ទី​១ នៃ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ បាន​កត់ត្រា​ឲ្យ​ដឹង​ថា តាម​កំណត់​ព្រះរាជ​ពិធី​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត ព.ស. ២៥០១ ឬ គ.ស. ១៩៥៨ ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​ក្នុង​ខែ​កត្តិក​នេះ គឺ​ជា​ព្រះរាជ​ពិធី​មួយ ដែល​ព្រះរាជា​ខ្មែរ តែង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ទន្លេ​ចតុមុខ​និង​កំពង់​ព្រះដំណាក់​ផែ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ មាន​ការ​បណ្តែត​ប្រទីប​ជា្វលា នៅ​គ្រប់​ទាំង​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ។
ប៉ុន្តែ​លោក​ឧកញ៉ា ទេពពិទូរ ក្រសេម ក៏​បាន​សរសេរ​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ចំពោះ​ខាង​ប្រជារាស្ត្រ ពុទ្ធបរិស័ទ នៅ​តាម​វត្ត​អារាម​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ជា​ប្រពៃណី​នៅ​រៀងរាល់​ឆ្នាំ តែង​ធ្វើ​ពិធី​បណ្តែត​ប្រទីប​នៅ​វេលា​យប់​១៥ កើត​ពេញ​បូណ៌មី ខែ​អស្សុជ ដែល​ជា​ថ្ងៃ​ព្រះសង្ឃ​បវារណា​ចេញ​វស្សា ឬ​ហៅ​ថា​ពិធី​បុណ្យ​ចេញ​ព្រះវស្សា ពោល​គឺ​ធ្វើ​មុន​១​ខែ។
ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ គង់​នៅ​វត្ត «លង្កា​ព្រះកុសុមារាម» ក្នុង​រាជ​ធានី​ភ្នំពេញ បាន​មាន​ថេរ​ដីកា​អំពី​ដំណើរ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​បណ្តែត​ប្រទីប​នេះ ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​និង​តាម​ទីអារាម​ពុទ្ធសាសនា​ដែល​ចាប់​ធ្វើ ១​ខែ មុន​ពិធី​បុណ្យ​បណ្ដែត​ប្រទីប​ផ្លូវការ​ក្នុង​ខែ​កត្តិក​នេះ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មាន​ថេរ​ដីកា​ដូច្នេះ​ថា ៖ «ប្រវត្តិ​នៃ​ប្រទីប​ហ្នឹង ធ្វើ​ហ្នឹង គឺ​ធ្វើ​ចាប់តាំង​ពី​ថ្ងៃ​ដែល​ព្រះសង្ឃ​ចេញ​វស្សា​មក​ម្ល៉េះ។ ព្រះសង្ឃ​ចេញ​វស្សា​គឺ​ថ្ងៃ​១៥​កើត ខែ​អស្សុជ​ហ្នឹង ពេល​ព្រឹក​គេ​មាន​ទេសនា​ជាតក អ៊ីចឹង​ទៅ នៅ​ពេល​យប់​ឡើង គឺ​យប់​ថ្ងៃ​ទី​១៥​កើត​ហ្នឹង គេ​ហែ​ប្រទីប​ទៅ​តាម​វត្ត​នីមួយៗ​ទូទាំង​ប្រទេស​កម្ពុជា​យើង បើ​នៅ​តាម​មាត់​ទន្លេ គេ​ធ្វើ​ជា​ដង្ឃឹក ដាក់​សម្ភារៈ ដាក់​អាហារ​ភោជន​សព្វ​បែប​យ៉ាង គេ​បណ្ដែត​ទៅ​តាម​ទន្លេ​ទៅ ហើយ​អុជ​ជា​ប្រទីប​ជ្វាលា ដង្ហែ​ទៅ​តាម​ដង្ឃឹ​ធំ​ហ្នឹង។ ហើយ​ដាក់​នៅ​ក្នុង​ដង្ឃឹក​ហ្នឹង មួយ​ចំនួន ល្អៗ គេ​យក​សម្រាប់​ប្រគេន​ព្រះសង្ឃ​ពេល​ព្រឹក​ឡើង​អ៊ីចឹង ហើយ​ដល់​ពេល​មួយ​ចំនួន​ទៀត យក​សម្រាប់​ចែក​ក្មេងៗ​ដែល​ហែ​ហ្នឹង ឲ្យ​បរិភោគ ជូន​ចាស់ៗ សល់​ប៉ុន្មាន​ទៀត គឺ​ដាក់​បណ្ដែត​ទៅ​តាម​ទឹក។ ដង្ឃឹក​ហ្នឹង គេ​ធ្វើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ប្រៀប​បាន​ដូច​ជា​ប្រាសាទ​តូច​មួយ​អ៊ីចឹង ហើយ​នៅ​តំបន់​មួយ​ចំនួន ដូច​ខាង​នៅ​ខេត្ត​កំពង់ចាម អាត្មា​ធ្លាប់​គង់​នៅ ក៏​នៅ​តែ​មាន​ធ្វើ​អ៊ីចឹង​ដែរ តាម​មាត់​ទន្លេ​គឺ​បណ្ដែត​ប្រទីប ពេញ​ព្រោង​ព្រាត​ទាំង​អស់ ហើយ​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​ដាច់​ស្រយាល​ពី​មាត់​ទន្លេ ក៏​គេ​ធ្វើ​ជា​ដង្ឃឹក​អ៊ីចឹង អុជ​ចន្លុះ​សម្រាប់​តំណាង​ជា​ប្រទីប​បណ្ដែត​ហ្នឹង ឲ្យ​ក្មេងៗ​កាន់​ជា​ជួរៗ មើល​ពី​ចម្ងាយ​ស្អាត​ដូច​ក្នុង​ទន្លេ​អ៊ីចឹង»។
ទាក់ទង​នឹង​គោល​គំនិត​ផ្នែក​ជំនឿ​ប្រពៃណី​ទំនៀម​ទម្លាប់​នៃ​ការ​រៀបចំ​ដាក់​ផ្លែ​ឈើ នំ​នែក អាហារ​ភោជន និង​គ្រឿង​រណ្តាប់​តាក់​តែង​ផ្សេងៗ នៅ​ក្នុង​ពិធី​បុណ្យ​បណ្តែត​ប្រទីប​នេះ ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខា​លង្ការោ បាន​មាន​ដីកា​បញ្ជាក់​ថា ជា​ការ​បង្ហាញ​នូវ​ភោគផល​កសិកម្ម​-សិប្បកម្ម​របស់​អ្នក​ស្រុក អ្នក​ភូមិ ក្នុង​តំបន់​នីមួយៗ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មាន​ថេរ​ដីកា​ដូច្នេះ​ថា ៖ «បុណ្យ​នេះ គឺ​ធ្វើ​ក្រោយ​ពី​ថ្ងៃ​ដែល​យើង​ប្រមូល​ផល​កសិកម្ម ហើយ​យើង​ធៀប​មក​ក្នុង​សម័យ​បច្ចុប្បន្ន គឺ​យើង​បាន​បង្ហាញ​នូវ​ផលិតផល ភូមិ​មួយ​ផលិត​ផល​មួយ ដើម្បី​ឲ្យ​ដឹង ប្រមូល​តាម​ស្រុក​មក​ថា តើ​នៅ​តាម​ខេត្ត​នីមួយៗ​មាន​ផលិតផល​អ្វី​ខ្លះ​ដែល​បាន​ពី​ផល​កសិកម្ម ឬ​ក៏​ផលិត​ផល​សិប្បកម្ម​ផ្សេងៗ ហើយ​តើ​ឆ្នាំ​ហ្នឹង មាន​កំណើន​ជាង​ឆ្នាំ​មុន ឬ​ក៏​មាន​អត្រា​ថយ​ចុះ​ជាង​ឆ្នាំ​មុន? ម្យ៉ាង​ទៀត​ដើម្បី​យក​មក​បែងចែក​គ្នា​បរិភោគ​នូវ​អាហារ​ទាំង​ហ្នឹង បង្ហាញអំពី​ភាព​សាមគ្គី​មួយ​ក្នុង​ភូមិ​ហ្នឹង ក្រោយ​ពី​បាន​មក លោក​អត់​ដែល​ចិត្ត​កំណាញ់​អី​ទេ តែង​តែ​យក​មក​ចែក​គ្នា​ពិសា​អ៊ីចឹង​ទៅ»។
ចំណែក​លោក សួន ឱសថ លេខាធិការ​នៃ​គណៈកម្មការ​ទ្រទ្រង់​ព្រះត្រៃ​បិតក​ប្រចាំ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ បាន​អធិប្បាយ​ថា ពិធី​បុណ្យ​បណ្តែត​ប្រទីប​ដែល​ប្រជាពលរដ្ឋ ពុទ្ធ​បរិស័ទ​ខ្មែរ តែង​នាំ​គ្នា​ធ្វើ​ជា​ច្រើន​តំណ​ត​ជំនាន់​មក​នេះ គឺ​ជា​ពិធី​ជូន​ដំណើរ​វិញ្ញាណ​ក្ខន្ធ​នៃ​លោក​អ្នក​ដ៏​មាន​គុណ មាន​មាតា​បិតា​ជា​ដើម ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​ដឹង​គុណ​ផង និង​បាន​ជា​បុណ្យ​កុសល​មក​ដល់​បុគ្គល​ដែល​ជា​អ្នក​ធ្វើ​ផង​ដែរ។
លោក សួន ឱសថ មាន​ប្រសាសន៍​ថា ៖ «រឿង​បណ្ដែត​ប្រទីប​នេះ ការ​បូជា​ប្រទីប​នេះ ជា​មង្គល​ដ៏​ឧត្ដម​ដែរ ពីព្រោះ​បើ​យើង​ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំ​ហ្នឹង គឺ​ថា យើង​ធ្វើ​ដើម្បី​ឧទ្ទិស​កុសល​ហ្នឹង​ដល់​ញាតិ​មិត្ត ដល់​ជីដូន​ជីតា​យើង ដែល​លោក​បាន​ចែក​ឋាន​ទៅ ទៅ​កើត​នៅ​សុគតិ​ភព​ណា​មួយ។ ហើយ​ដល់​ពេល​ឃើញ​មក​ទទួល​នូវ​ទាន​ដែល​យើង​បាន​ធ្វើ​នា​រដូវ​ភ្ជុំ​ហ្នឹង គឺ​ជា​ការ​មួយ​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ត្រឡប់​ទៅ​វិញ យើង​ត្រូវ​តែ​ជូន​គាត់​ទៅ​វិញ អាហ្នឹង​ជា​បដិសណ្ឋារៈ​មួយ យើង​ចាត់​ទុក យើង​កំណត់​ថា អស់​រដូវ​ភ្ជុំ ញាតិ​មិត្ត​ជីដូន​ជីតា​យើង​ត្រឡប់​ទៅ​ស្រុក បើ​អ៊ីចឹង​យើង​ត្រូវ​ជូន​ដំណើរ​គាត់ ឃើញ​ថា​ធ្វើ​យ៉ាង​ហ្នឹង ជា​ការ​មួយ​គេ​ហៅ​ថា សគុណ គុណូបការៈ​របស់​ឧបការី​ជន ដែល​គាត់​បាន​ចែក​ឋាន​ទៅ។ ទោះ​បី​ជា​គាត់​បាន​អញ្ជើញ​មក​ផ្ទាល់​ក្ដី មិន​បាន​មក​ក្ដី ប៉ុន្តែ​យើង​បាន​ធ្វើ ហ្នឹង​ហើយ​ជា​ការ​បូជា​ដ៏​ឧត្ដម​ដែរ គេ​ហៅ​ថា​ជា​មង្គល​ដែរ»។
រីឯ​គោល​គំនិត​ចម្បង​ផ្នែក​ពុទ្ធ​សាសនា​វិញ លោក​អ្នក​ជំនាញ​ទាំង​ពីរ​រូប​នេះ ក៏​បាន​បញ្ជាក់​ដូច​គ្នា​នឹង​សេចក្តី​ក្នុង​សៀវភៅ «ព្រះរាជ​ពិធី​ទ្វារ​ទសមាស​និង​ពិធី​សង្ក្រាន​ចូល​ឆ្នាំ» ដែល​ចែង​ថា ៖ ពិធី​បុណ្យ​បណ្តែត​ប្រទីប​ដែល​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ និង​អក​អំបុក គឺ​ជា​ការ​គោរព​បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ គឺ​ព្រះទន្ត ឬ​ធ្មេញ នៃ​ព្រះសម្មា​សម្ពុទ្ធ​ព្រះនាម សមណគោតម ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រតិស្ឋាន​ទុក​នៅ​ក្នុង​ពិភព​នាគ។ ម៉្យាង​ទៀត​គឺ​បូជា​រំឭក​ដល់​ស្នាម​ព្រះបាទ​របស់​ព្រះអង្គ ដែល​ប្រតិស្ឋាន​នៅ​ឯ​ឆ្នេរ​ស្ទឹង​មួយ​ឈ្មោះ «នម្មទា» និង​នៅ​ក្នុង​ទី​ដទៃ​ទៀត នា​សម័យ​ពុទ្ធកាល​ដែល​កន្លង​ទៅ​អស់​រយៈពេល ២៥៥២​ឆ្នាំ​មក​ហើយ​នេះ៕